ដីកាចាប់ខ្លួនអ្នកកាសែតម្នាក់ គេចខ្លួន ពីកំពង់ធំទៅបន្ទាយមានជ័យ បទចោទកំហែងយក..
បន្ទាយមានជ័យ :

នគរបាល២ខេត្តបានអនុវត្តដីការបង្គាប់អោយចាប់និងនាំខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ធំដោយចាប់អ្នកកាសែតម្នាក់ដែលគេចខ្លួន ពីខេត្តកំពង់ធំទៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ក្នុងបទចោទកំហែងយក ខណ:បុគ្គលនេះបន្តប្រព្រឹត្តបទល្មើសនេះទៀត។
លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងលោកឧត្តមសេនីយ៍ទោម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំអោយដឹងថ្ងៃទី១២ខែកក្កដា : កម្លាំងនគរបាលខេត្តទាំងពីរពិតជាសហការចាប់និងនាំខ្លួនមែនឈ្មោះហ៊ាង លីហាក់ ភេទប្រុសអាយុ៥២ឆ្នាំ ទីលំនៅស្នាក់បច្ចុប្បន្នភូមិកំពង់ចិនឃុំកំពង់ចិនត្បូងស្រុកស្ទោងខេត្តកំពង់ធំកាលពីម៉ង៨យប់ថ្ងៃទី១១ខែកក្កដា ពីផ្ទះសំណាក់មួយនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។ ចំណែកដីកាបង្គាប់អោយនាំខ្លួនលេខ៦៣ អនខ/២២ ចុះថ្ងៃទី០៨ខែមិថុនាឆ្នាំ២០២២ របស់លោកអែម សុទ្ធសច្ចា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ធំដែលសារព័ត៌មានទទួលបានច្បាប់ថតចម្លងបានអោយដឹងថា: យោងសំណុំរឿងព្រហ្មទ័ណ្ឌលេខ៦៧៤ចុះថ្ងៃទី២០ខែតុលាឆ្នាំ២០២១ របស់អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ,ដីការបញ្ជូនរឿងអោយស៊ើបសួរលេខ១៤៤អ ក/២០២២ ចុះថ្ងៃទី០៩ខែមីនាឆ្នាំ២០២២ និងសំណុំរឿងស៊ើបសួរលេខ១៥៧ចុះថ្ងៃទី២៣ខែមីនាឆ្នាំ២០២២ របស់សាលាដំបូងខេត្តកំពង់ធំ បានយល់ឃើញថា ឈ្មោះហ៊ាង លីហាក់ មានអត្តសញ្ញាណដូចខាងលើ ត្រូវបានដាក់អោយស្ថិតក្រោមការពិនិត្យពីបទ :”កំហែងយក”.ប្រព្រឹត្តនៅចំណុចភូមិអូរពកសាមគ្គីឃុំមានរឹទ្ធស្រុកសណ្តាន់ខេត្តកំពង់ធំ អំឡុងឆ្នាំ២០២០ កន្លងមក បទល្មើសព្រហ្មទ័ណ្ឌមានចែងនិងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៦៣និង៣៦៤ នៃក្រមព្រហ្មទ័ណ្ឌឆ្នាំ២០០៩ ។ បទចោទនេះ បើយោងព័ត៌មានពីខេត្តកំពង់ធំអោយដឹងថា : គឺទាក់ទិននឹងបណ្តឹងរបស់ឈ្មួញរកស៊ីឈើនិងមន្ត្រីបរិស្ថាន ដែលប្តឹងពីការជំរេងទារប្រាក់(កំហែងយក) ។ ចំណែកមន្ត្រីនគរបាលព្រហ្មទ័ណ្ឌកម្រឹតស្រាលខេត្តបន្ទាយមានជ័យនិងក្រុងប៉ោយប៉ែតបានស្រង់ចម្លើយរបស់ហ៊ាង លីហាក់ ដូចដែលឆ្លើយសារភាពថា : ឈ្មោះនេះបានចេញពីខេត្តកំពង់ធំមកក្រុងប៉ោយប៉ែតខេត្តបន្ទាុយមានជ័យពីជាង១០ថ្ងៃមុន ក្នុងខែមិថុនា ទៅស្នាក់នៅបន្ទប់នៃផ្ទះសំណាក់ប៉ូប៉ូ ក្នុងបំណងគេចខ្លួនពីដីកាតុលាការ អោយហួសពីសុពលភាពសិន ហើយរង់ចាំអោយមេធាវីចូលទៅធ្វើការជំនួស ។ តែពេលនេះ ត្រូវចាប់ខ្លួនទៅ ។ យោងប្រភពព័ត៌មាននានានិងពីសមត្ថកិច្ចអោយដឹងថា :ក្នុងអំឡុងថាគេចខ្លួនទៅនៅក្រុងប៉ោយប៉ែតនោះ ឈ្មោះនេះ មិនបានសម្ងំលាក់ខ្លួនអ្វីទេ ។ប៉ុន្តែថែមទាំងបានចេញធ្វើដំណើរឬសកម្មភាពផ្សេងៗជាធម្មតា រួមទាំងទាក់ទិននឹងយកព័ត៌មាន ដែលមានលាយឡំនឹងប្រព្រឹត្តបទកំហែងយកថ្មីៗជាច្រើនករណីទៀតនៅខេត្តបន្ទាយមានជ័យជាដើម ។