កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធី…
ថ្ងៃចេញផ្សាយៈ ខែសីហា 11, 2022
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រួមនឹងវត្ថុតាង កាលពីវេលាម៉ោង ២០និង៤៥នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវរថភ្លើង ស្ថិតក្នុងភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា នៅវេលាម៉ោង២០និង៤៥នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះល្បាតការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ក្នុងភូមិសាស្រ្តក្រុង ហើយក៏បានប្រទះឃើញមនុស្សប្រុសម្នាក់គួរឱ្យសង្ស័យ ទើបកម្លាំងរបស់លោកហៅមកសួរនាំស្រាប់តែជនសង្ស័យខាងលើស្ទុះរត់គេចខ្លួន តែត្រូវកម្លាំងលោកឃាត់ខ្លួនបានភ្លាមៗ និងធ្វើការឆែកឆេរលើដងខ្លួនលើបុរសនោះ ឃើញមានគ្រឿងញៀនប្រភេទទឹកកកចំនួន០១កូនថង់កិប ទម្ងន់ ១.៤៧ក្រាម, ថ្នាំគ្រាប់ពណ៌ក្រហមក្បឿងចំនួន០៥គ្រាប់ ទម្ងន់ ០,៤៨ក្រាម, ម៉ូតូ១គ្រឿង រួមនឹងសម្ភារៈមួយចំនួន ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណបានបញ្ជាក់ទៀតថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ប៉ក់ ស៊ីណា ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
ជនសង្ស័យរូបនេះក្រោយពីកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសួរនាំរួចបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកគ្រឿងញៀនខាងលើមកលក់ដូរ និងទុកសម្រាប់ប្រើប្រាស់ខ្លួនឯងផងពិតប្រាកដមែន ។
